/

Tip&Trick

ការថែទាំអាគុយរថយន្ត EV ក្រោមកម្តៅថ្ងៃ ៤០ អង្សារបស់កម្ពុជា-Beating the Heat: Caring for your EV in Cambodia

Chhay Keokanitha

Founder of EVantage

សំណួរដែលបងប្អូនតែងតែបារម្ភគឺ៖ "តើកម្តៅថ្ងៃក្តៅខ្លាំងនៅស្រុកខ្មែរ ធ្វើឱ្យឆាប់ខូចអាគុយឡានដែរឬទេ?"។ ការពិតគឺថា រថយន្ត EV ទំនើប (ដូចជា BYD, Toyota, ឬ Tesla) មានប្រព័ន្ធគ្រប់គ្រងកម្ដៅ (Thermal Management) យ៉ាងល្អ ប៉ុន្តែការយល់ដឹងពីគន្លឹះបន្ថែមនឹងជួយឱ្យអាគុយរបស់អ្នកកាន់តែប្រើបានយូរ។ អាគុយលីចូម-អីយ៉ុង ប្រៀបដូចជាមនុស្សយើងដែរ វាដំណើរការល្អបំផុតចន្លោះពី ២០ ទៅ ៣០ អង្សារសេ។ នៅកម្ពុជា ដែលសីតុណ្ហភាពលើផ្លូវថ្នល់អាចឡើងលើសពី ៥០ អង្សារសេ ប្រតិកម្មគីមីក្នុងអាគុយនឹងកើនឡើងលឿន ដែលនាំឱ្យអាយុកាលអាគុយថយចុះ។ ការយល់ដឹងពីចំណុចនេះ គឺជាជំហានដំបូងនៃម្ចាស់រថយន្ត EV ឆ្លាតវៃ។

១.​​ យល់ដឹងពី "ច្បាប់មាស ២០-៨០"


ទោះបីជារថយន្ត EV ទំនើបៗមានប្រព័ន្ធត្រជាក់ឆ្លាតវៃក៏ដោយ ប៉ុន្តែការអនុវត្តនូវ "ច្បាប់មាស ២០-៨០" គឺជាគន្លឹះដ៏សំខាន់បំផុតដែលអ្នកជំនាញជុំវិញពិភពលោក (រួមទាំងស្ថាប័ន Battery University) ណែនាំឱ្យរក្សាកម្រិតសាកថ្មចន្លោះពី ២០% ទៅ ៨០%។ ការសាកថ្មឱ្យពេញ ១០០% ក្នុងអាកាសធាតុក្តៅខ្លាំង អាចបង្កើនសម្ពាធដល់កោសិកាអាគុយ។ ការរក្សាកម្រិតកណ្តាលបែបនេះ អាចពន្យារអាយុកាលអាគុយបានរហូតដល់ ៤០%


តើអ្វីទៅជា "ច្បាប់មាស ២០-៨០"?

ច្បាប់នេះមានន័យសាមញ្ញថា៖ អ្នកគួររក្សាកម្រិតថាមពលអាគុយរបស់អ្នកឱ្យស្ថិតនៅចន្លោះពី ២០% ទៅ ៨០% ជាប្រចាំ។

  • កុំឱ្យលើស ៨០%៖ ការសាកថ្មរហូតដល់ ១០០% រាល់ថ្ងៃ បង្កើតឱ្យមាន "សម្ពាធវ៉ុលខ្ពស់" នៅក្នុងកោសិកាអាគុយ។ នៅពេលអាគុយពេញខ្លាំង បូករួមនឹងកម្តៅខាងក្រៅ ៤០ អង្សារសេនៅស្រុកខ្មែរ វានឹងធ្វើឱ្យប្រតិកម្មគីមីខាងក្នុងឡើងកម្តៅខ្លាំង ដែលជាមូលហេតុចម្បងធ្វើឱ្យអាគុយឆាប់ធ្លាក់គុណភាព (Degradation)។

  • កុំឱ្យទាបជាង ២០%៖ ការទុកឱ្យថ្មអស់ខ្លាំងពេក ប្រៀបដូចជាការបង្ខំឱ្យមនុស្សម្នាក់ខំរត់ទាំងដាច់បាយអញ្ចឹង។ វានឹងធ្វើឱ្យកោសិកាអាគុយចុះខ្សោយ និងអាចបង្កហានិភ័យដល់ការខូចអាគុយទាំងស្រុង ប្រសិនបើទុកឱ្យនៅកម្រិត ០% យូរពេក។


ហេតុអ្វីបានជាវាអាចពន្យារអាយុកាលអាគុយបានដល់ ៤០%?


អាគុយប្រភេទ Lithium-ion មាន "វដ្តនៃការសាក" (Cycle Life) កំណត់។ ការសាកថ្មក្នុងចន្លោះ ២០-៨០% ជួយកាត់បន្ថយភាពតានតឹងនៃអាតូមនៅក្នុងអាគុយ។ ការស្រាវជ្រាវបង្ហាញថា ការរក្សាកម្រិតកណ្តាលបែបនេះ អាចធ្វើឱ្យអាគុយរបស់អ្នកនៅតែមានសុខភាពល្អ បើទោះបីជាប្រើប្រាស់លើសពី ៨ ទៅ ១០ ឆ្នាំក៏ដោយ ដែលវាជួយបង្កើនតម្លៃលក់បន្តរបស់រថយន្តអ្នកបានមួយកម្រិតទៀត។


ប៉ុន្តែ… អ្នកមិនចាំបាច់បារម្ភរហូតដល់មិនហ៊ានសាកថ្មពេញនោះទេ។ អ្នកអាចសាកដល់ ១០០% បាន នៅពេល៖

  • អ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ (ឧទាហរណ៍៖ ភ្នំពេញ ទៅ សៀមរាប ឬ មណ្ឌលគិរី)។

  • ការសាកឱ្យពេញ ១០០% ម្តងក្នុងមួយសប្តាហ៍ ឬពីរដងក្នុងមួយខែ គឺជារឿងល្អ ដើម្បីឱ្យប្រព័ន្ធ BMS (Battery Management System) ធ្វើការតម្រឹមតុល្យភាពកោសិកាអាគុយឱ្យស្មើគ្នា។


២.​​ "ម្លប់"គឺជាមិត្តល្អបំផុតសម្រាប់អាគុយ EV


នៅក្នុងប្រទេសកម្ពុជា សីតុណ្ហភាពនៅក្រៅអគារអាចឡើងដល់ ៤០ អង្សារសេ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា រថយន្តដែលចតចោលកណ្តាលវាល អាចស្រូបយកកម្តៅរហូតដល់ ៦០ ទៅ ៧០ អង្សារសេ នៅក្នុងកាប៊ីន និងផ្នែកខាងក្រោមនៃរថយន្ត។ តើបញ្ហានេះប៉ះពាល់ដល់រថយន្តអគ្គិសនីរបស់អ្នកយ៉ាងដូចម្តេចខ្លះ?

នៅពេលអ្នកចតរថយន្ត EV ក្រោមពន្លឺថ្ងៃផ្ទាល់ កម្តៅមិនត្រឹមតែធ្វើឱ្យក្តៅក្នុងឡាននោះទេ ប៉ុន្តែវាក៏ជ្រាបចូលទៅដល់កញ្ចប់អាគុយ (Battery Pack) ដែលស្ថិតនៅផ្នែកខាងក្រោមនៃរថយន្តផងដែរ។

  • ការងារធ្ងន់របស់ប្រព័ន្ធ BMS៖ ទោះបីជាអ្នកបិទម៉ាស៊ីនក៏ដោយ ប្រព័ន្ធគ្រប់គ្រងអាគុយ (BMS) នៃរថយន្តទំនើបៗជាច្រើន នឹងត្រូវបង្ខំចិត្ត "ដកដង្ហើម" ឬដំណើរការកង្ហារត្រជាក់ដោយស្វ័យប្រវត្តិ ដើម្បីកុំឱ្យអាគុយក្តៅហួសកម្រិត។ ការណ៍នេះនាំឱ្យបាត់បង់ថាមពលអាគុយដោយឥតប្រយោជន៍ (Vampire Drain)។

  • ចំណុចដែលគ្រោះថ្នាក់បំផុតសម្រាប់អាគុយ គឺការសាកថ្ម (ជាពិសេសការសាកលឿន DC) នៅកណ្តាលវាលក្រោមពន្លឺថ្ងៃក្តៅខ្លាំងដែលបង្កជាThermal Throttling: នៅពេលអាគុយក្តៅពេក ប្រព័ន្ធឡាននឹងកាត់បន្ថយល្បឿនសាកថ្មដោយស្វ័យប្រវត្តិ ដើម្បីការពារសុវត្ថិភាព។ នេះជាមូលហេតុដែលអ្នកជួនកាលឃើញថា "ហេតុអ្វីបានជាថ្ងៃនេះសាកថ្មយូរម្ល៉េះ?"។ ការសាកថ្មក្រោមម្លប់ ជួយឱ្យល្បឿនសាកមានស្ថិរភាព និងការពារកោសិកាអាគុយមិនឱ្យឆាប់រិចរិល។


ដំណោះស្រាយឆ្លាតវៃជាមួយ App EVantage


យល់ឃើញពីការលំបាករបស់ម្ចាស់រថយន្ត EV ក្នុងស្រុក ក្រុមការងារ EVantage បាននិងកំពុងអភិវឌ្ឍមុខងារថ្មីមួយដែលមិនធ្លាប់មានពីមុនមក៖ "មុខងារស្វែងរកស្ថានីយដែលមានម្លប់" (Shade Finder)

  • ស្វែងរកចំណតក្នុងអគារ៖ App របស់យើងនឹងបង្ហាញទីតាំងស្ថានីយសាកថ្មដែលស្ថិតនៅក្នុងចំណតក្រោមដី ឬចំណតអគារផ្សារទំនើប ដែលមានសីតុណ្ហភាពទាបជាងខាងក្រៅដល់ទៅ ១០-១៥ អង្សារសេ។

ស្ថានីយដែលមានដំបូល (Solar Canopy/Roof): យើងកំពុងបន្ថែមព័ត៌មានលម្អិតទៅលើស្ថានីយនីមួយៗថាតើមាន "ដំបូលការពារកម្តៅ" ឬ "ម្លប់ដើមឈើ" ដែរឬទេ។ នេះគឺជាជំនួយការដ៏ល្អបំផុតសម្រាប់អ្នកដែលត្រូវការសាកថ្មនៅចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ៣ រសៀល។


គន្លឹះបន្ថែមសម្រាប់ម្ចាស់រថយន្ត


ប្រសិនបើអ្នកមិនអាចរកកន្លែងចតដែលមានម្លប់បានទេ៖

  • ប្រើប្រាស់ផ្ទាំងការពារកម្តៅកញ្ចក់មុខ (Sunshades): វាជួយកាត់បន្ថយកម្តៅក្នុងកាប៊ីន ដែលជួយសម្រាលបន្ទុកម៉ាស៊ីនត្រជាក់ពេលអ្នកត្រលប់មកបើកបរវិញ។

  • បើកកញ្ចក់បន្តិច (Cracking the Windows): ប្រសិនបើចតក្នុងកន្លែងមានសុវត្ថិភាព ការបើកកញ្ចក់បន្តិចជួយឱ្យខ្យល់ក្តៅចេញក្រៅខ្លះ កាត់បន្ថយការហប់។​

"ម្លប់" មិនមែនគ្រាន់តែជាភាពត្រជាក់សម្រាប់អ្នកបើកបរនោះទេ ប៉ុន្តែវាគឺជា "អាយុជីវិត" របស់អាគុយរថយន្ត EV។ ការចត និងសាកថ្មក្រោមម្លប់ គឺជាវិធីដែលងាយស្រួលបំផុត និងចំណាយតិចបំផុត ដើម្បីរក្សាគុណភាពរថយន្តរបស់អ្នកឱ្យនៅថ្មីជានិច្ច។

សាកល្បងប្រើ App EVantageឆាប់ៗនេះ ដើម្បីស្វែងរក "ជម្រក" ដ៏ល្អបំផុតសម្រាប់រថយន្តអគ្គិសនីរបស់អ្នក!


៣. តិចនិក"ធ្វើឱ្យត្រជាក់មុន"ដើម្បីសន្សំថាមពល និងការពារអាគុយEVក្នុងថ្ងៃក្តៅ

តើអ្នកធ្លាប់មានអារម្មណ៍ក្តៅហប់ដូចនៅក្នុង "ឡដុត" ដែរឬទេ នៅពេលបើកទ្វាររថយន្តដែលចតចោលកណ្តាលថ្ងៃត្រង់? សម្រាប់រថយន្តសាំង ការបញ្ឆេះចោលដើម្បីឱ្យត្រជាក់ គឺជាការខ្ជះខ្ជាយប្រេង និងប៉ះពាល់បរិស្ថាន។ ប៉ុន្តែសម្រាប់រថយន្ត EV អ្នកមានមុខងារដ៏ឆ្លាតវៃមួយហៅថា Pre-conditioning


តើអ្វីទៅជា Pre-conditioning?

Pre-conditioning គឺជាការប្រើប្រាស់កម្មវិធី (App) លើទូរស័ព្ទដៃ ដើម្បីបញ្ជាឱ្យរថយន្តបើកម៉ាស៊ីនត្រជាក់ទុកជាមុន ប្រហែល ១០ ទៅ ១៥ នាទី មុនពេលអ្នកឡើងជិះ។ មុខងារនេះមិនត្រឹមតែធ្វើឱ្យ "ខ្យល់" ក្នុងឡានត្រជាក់នោះទេ វាក៏ជួយកែសម្រួលសីតុណ្ហភាព "អាគុយ" ឱ្យមកនៅកម្រិតសមស្របបំផុតសម្រាប់ការបើកបរផងដែរ។


ហេតុអ្វីបានជាត្រូវធ្វើវា "ខណៈពេលកំពុងដោតសាកថ្ម"?


នេះគឺជាចំណុចសំខាន់បំផុតដែលម្ចាស់រថយន្ត EV គួរដឹង៖

  • ប្រើភ្លើងផ្ទះ ជំនួសឱ្យភ្លើងអាគុយ៖ នៅពេលរថយន្តរបស់អ្នកនៅដោតជាប់នឹងដុំសាក (Wallbox) ហើយអ្នកបញ្ជាឱ្យត្រជាក់មុន នោះរថយន្តនឹងទាញថាមពលផ្ទាល់ពី "ប្រភពអគ្គិសនីខាងក្រៅ" មកប្រើប្រាស់។

  • រក្សាកម្រិតថ្មឱ្យនៅដដែល៖ ប្រសិនបើអ្នកសាកដល់ ៨០% ហើយអ្នកធ្វើ Pre-conditioning ១០ នាទី មុនចេញដំណើរ នោះថាមពលរបស់អ្នកនឹងនៅតែរក្សាបាន ៨០% ដដែលនៅពេលអ្នកដកក្បាលសាកចេញ។

  • កាត់បន្ថយបន្ទុកអាគុយ៖ ការបញ្ចុះកម្តៅពី ៦០ អង្សារ មក ២២ អង្សារ ត្រូវការថាមពលច្រើនណាស់។ បើអ្នកធ្វើវាក្រោយពេលចេញដំណើរ អាគុយរបស់អ្នកនឹងត្រូវខំប្រឹងបញ្ចេញថាមពលខ្លាំងភ្លាមៗ ដែលនាំឱ្យវា "ឡើងកម្តៅ" កាន់តែខ្លាំង។


របៀបអនុវត្តឱ្យមានប្រសិទ្ធភាព


  • កំណត់ពេលវេលា (Scheduling): រថយន្តដូចជា Tesla, BYD ឬ Toyota ភាគច្រើនអនុញ្ញាតឱ្យអ្នកកំណត់ម៉ោងចេញដំណើរជាប្រចាំ (ឧទាហរណ៍៖ ម៉ោង ៧:៣០ ព្រឹក ចេញទៅធ្វើការ)។ រថយន្តនឹងរៀបចំសីតុណ្ហភាពឱ្យត្រជាក់ស្រេចដោយស្វ័យប្រវត្តិ។

  • ឆាប់ៗនេះ​ជាមួយApp EVantage៖ មុននឹងចេញពីកន្លែងធ្វើការ អ្នកអាចឆែកមើលស្ថានភាពសាកថ្មក្នុង App និងបញ្ជាបើកម៉ាស៊ីនត្រជាក់ទុកជាមុន ដើម្បីឱ្យការធ្វើដំណើរត្រលប់ទៅផ្ទះវិញពោរពេញដោយភាពស្រស់ស្រាយ។

ក្នុងនាមជាអ្នកប្រើប្រាស់រថយន្ត EV ជំនាន់ថ្មី ការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួចនេះ មិនត្រឹមតែជួយសន្សំសំចៃថវិការបស់លោកអ្នកលើការជួសជុលអាគុយនៅថ្ងៃអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនតម្លៃលក់បន្តរបស់រថយន្ត និងផ្តល់នូវផាសុកភាពខ្ពស់ក្នុងការធ្វើដំណើរជារៀងរាល់ថ្ងៃផងដែរ។


តោះ! ចូលរួមបង្កើតអនាគតនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃជាមួយយើងទាំងអស់គ្នា!

ប្រសិនបើលោកអ្នកមានចម្ងល់បន្ថែម ឬចង់ចែករំលែកបទពិសោធន៍ប្រើប្រាស់ EV សូមបញ្ចេញមតិនៅខាងក្រោម ឬទាក់ទងមកក្រុមការងារ EVantage ដោយផ្ទាល់!

Create a free website with Framer, the website builder loved by startups, designers and agencies.